Ramayana in Khmer by Vatchavong

រឿង រាមកេរ្តិ៍


ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅ
ព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។
ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ
ចលនា៖ ព្រាហ្មណ៍និយម
ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា
កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា
1​​    ១-      តាមទស្សនៈលោកញ៉ុក ថែម៖
 ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧​ និង ១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨​ និង ១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។)
២-តាមទស្សនៈអ្នកស្រីពៅ សាវរស៖
ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។)
៣- តាមទស្សនៈ​ មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។)
អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នក​ប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)


រឿង រាមកេរ្តិ៍សង្ខេប
         នៅនគរព្ធយុធ្យា ព្រះបាទទសរថជាមហាក្សត្រមានមហេសីបីអង្គគឺ នាងកោសកល្យាណ (ម្តាយរបស់ព្រះរាម) នាងសមុទ្រ (ម្តាយរបស់ព្រះលក្ស្មណ៍ និងព្រះសុត្រុត) នាងកៃកេសី (ម្តាយរបស់ព្រះភិរុត)។
         ឥសីពិស្វាមិត្របានរៀបចំហោមពិធីជាកិត្តិយសដល់ព្រះរាម និងព្រះលក្ស្មណ៍ដែលបានរៀន​ចប់គម្ពីរវេទ។ មានយក្សមួយឈ្មោះកាកនាសូរបានមកបំផ្លាញពិធី។ ឥសីពិស្វាមិត្របានជបធ្នូសរ​ឲ្យព្រះរាមយកទៅប្រហារយក្សនោះទៅ។
         នៅនគរមិថិលា ព្រះបាទជនកបានធ្វើពិធីច្រតព្រះនង្គ័លនៅទៀបស្ទឹងយមុនា។ ពេលនោះ​ទ្រង់រើសបាននាងសីតាដែលបណ្តែតពោងពាយទុកជាបុត្រី។ លុះនាងសីតាចម្រើនវ័យឡើង ព្រះ​មុនីបានជបធ្នូសរហើយព្រះចៅមិថិលាបានប្រកាសអធិដ្ឋានថា បើនរណាលើកធ្នូសរនេះរួចនឹង​អភិសេកនាងឲ្យ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះអាទិត្យ ព្រះចន្ទ។ល។ បានមកសាកល្បងលើក តែពុំ​មាននរណាលើករួចឡើយ។ ឥសីពិស្វាមិត្របាននាំព្រះរាម និងព្រះលក្ស្មណ៍ទៅដល់សុំអនុញ្ញាត​ព្រះចៅមិថិលាឲ្យលើកធ្នូសរ។ ព្រះរាមបានលើកដោយងាយ។ ព្រះចៅមិថិលាបញ្ជូនរាជទូតទៅ​យាងព្រះបាទទសរថ បិតាព្រះរាមមកចូលរួមក្នុងពិធីអភិសេកព្រះរាម និងនាងសីតា។ រួចហើយ​ព្រះបាទទសរថ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាត្រឡប់មកក្រុងព្ធយុធ្យាវិញ។ នៅកណ្តាលផ្លូវ​រាមបរមសូរគ្រូសិល្ប៍ (កូនមហាឫសីយាតិក) បានសំឡុតគំរាមកំហែងព្រះបាទទសរថថាលួច​ឈ្មោះខ្លួនដាក់ឲ្យព្រះរាម ប៉ុន្តែត្រូវព្រះរាមផ្ចាញ់បាក់បបខ្លបខ្លាច។
         ព្រះបាទទសរថមានបំណងឲ្យព្រះរាមសោយរាជ្យស្នង។ នាងកៃកេសីមហេសីចុងទូលជំ​ទាស់ដោយសំអាងថាពេលនាងជួយព្រះបាទទសរថច្បាំងឈ្នះព្រះអាទិត្យ ព្រះអង្គសន្យាថានឹង​លើករាជ្យឲ្យព្រះភិរុត។ ព្រះបាទទសរថមានបំណងចង់បែងចែកនគរជាពីរ នាងកៃកេសីពុំព្រម​ សុំ​បំបរបង់ព្រះរាម ព្រះលក្ស្មណ៍ឲ្យទៅបួសជាតាបសចំនួន១៤ឆ្នាំក្នុងព្រៃ។ លុះផុតកំណត់ទើបអាច​មកសោយរាជ្យវិញ។
         ព្រះរាម ព្រះលក្ស្មណ៍ នាងសីតាចាកចេញពីនគរ។ តាមផ្លូវជួបនឹងមហាឫសី និងកូខ័នស្តេច​ថ្មើរព្រៃដែលបានរំព្ញកអំពីរាជសម្បត្តិ និងជួយរំលែកទុក្ខព្រួយព្រះអង្គ។
         ដំណើរព្រះរាមចេញចាកព្ធយុធ្យារហូតដល់ភ្នំចិត្រកូដ។ ព្រះរាម ព្រះលក្ស្មណ៍ នាងសីតា​យាងកាត់ព្រៃព្រឹក្សាស្វិតស្រពោនជ្រុះស្លឹក ស្រាប់តែកើតហេតុអស្ចារ្យបណ្តាលឲ្យទីស្ថានប្រែទៅ​គួរជាទីរីករាយ។ ព្រះអង្គបានជួបនឹងឥសីពាទ្វាទ្យ ដែលទទួលរាក់ទាក់យ៉ាងកក់ក្តៅហើយចង្អុល​បង្ហាញផ្លូវទៅកាន់ភ្នំចិត្រកូដ។
         នៅជើងភ្នំនោះបរិយាកាសក៏ប្រែប្រួលដែរ ដូចជាសត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅបៅមេ​ប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ។ ក្រោយមកព្រះរាមបួសជាតាបសនៅភ្នំចិត្រកូដ។
         នៅនគរព្ធយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត។ នាងកៃកេសីបានសរសេរសំបុត្រទៅឲ្យ ព្រះភិរុតមកគ្រងរាជសម្បត្តិ ដោយបញ្ឆោតថាឲ្យមកជាអធិបតីក្នុងពិធីរាជាភិសេកព្រះរាម។ ព្រះភិ​រុត និងព្រះសុត្រុតលឺសូរដំណឹងនេះត្រេកអរខ្លាំងណាស់ ហើយក៏យាងមកកាន់នគរភ្លាម។ លុះមក​ដល់នគរបានដឹងថាចាញ់កលម្តាយហើយព្រះបិតាខ្លួនទ្រង់សុគតទៅហើយ ព្រះភិរុតខឹងនឹងព្រះមា​តាយ៉ាងខ្លាំង ប៉ុន្តែបាននាងកោសកល្យាណជួយនិយាយលួងលោមព្រះភិរុតក៏ដាច់ចិត្តធ្វើដំណើរ ទៅតាមព្រះរាមឲ្យមកសោយរាជ្យវិញ។ ព្រះរាមមិនទទួលពាក្យអង្វរករនេះទេ ព្រោះទ្រង់គោរព​ពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាងរាជសម្បត្តិឲ្យទៅព្រះភិរុត។ នៅពេលព្រះភិរុតធ្វើ​ដំណើរមកវិញ ក្សត្រទាំងបីអង្គក៏ចាកចេញពីភ្នំចិត្រកូដដែរ ដោយធ្វើដំណើរទៅកាន់ព្រៃភ្នំទណ្ត​កាណ្យ ហើយបានជួបនឹងយក្សមួយឈ្មោះពិរាធ។
         ពិរាធបានចូលឆក់នាងសីតា។ ព្រះលក្ស្មណ៍ធានាខ្លួនចេញយកនាងសីតាវិញ ប៉ុន្តែចាញ់យក្ស ព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅ។ អន់ចិត្តនឹងឫទ្ធានុភាពរបស់ខ្លួន ព្រះលក្ស្មណ៍ក៏​សុំលាព្រះរាមទៅតាំងសីលដើម្បីរំលឹកមន្តអាគមឡើងវិញ។ ខណៈនោះប្អូនស្រីក្រុងរាពណ៍ ឈ្មោះ​នាងសូរបនខាក៏កាឡាខ្លួនជាស្រីទេពអប្សរមកចែចង់ព្រះរាម ប៉ុន្តែព្រះរាមប្រកែកដោយសុំឲ្យនាង​ទៅលួងលោមព្រះលក្ស្មណ៍ជាប្អូនចុះ។ ព្រះលក្ស្មណ៍ដាច់សីលខ្ញាល់នឹងនាងសូរបនខាមករុកគួនក៏​ចាប់ផ្តួលកោរសក់កាត់ដៃស្រែកបណ្តេញចេញទៅ។ នាងសូរបនខាឈឺចាប់យ៉ាងខ្លាំង ក៏ប្រែរូបជា​យក្ខិណីបានស្រែកកងរំពងព្រៃ ជាហេតុធ្វើឲ្យលឺដល់ក្រុងខរជាបង។ ក្រុងខរក៏បញ្ជូនមេទ័ពមួយ​ឈ្មោះខុនទសណ៍មកនាំនាងសូរបនខាចូលនគរ ហើយខ្លួនលើកទ័ពមកសងសឹកព្រះរាម។ ក្រុង​ខរបានបញ្ជាឲ្យខុនទសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីមុខ ហើយក្រោយបំផុតក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ត្រូវស្លាប់ដោយសរព្រះរាម។ លុះឃើញបងស្លាប់អស់ហើយ នាងសូរបនខាក៏​យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៌ជាបងសោយរាជ្យនៅនគរលង្កា។ នាងថែមទាំងអួតសរសើរ​ពីសម្រស់ល្អឯករបស់នាងសីតា ហើយបានជំរុញឲ្យបងប្រុសរបស់ខ្លួនទៅយកនាងសីតាមកធ្វើជា​មហេសី។
         ក្រុងរាពណ៍បានពិភាក្សាជាមួយប្អូនៗរួចក៏បញ្ជាទាំងបង្ខំឲ្យសេនាម្នាក់ឈ្មោះមហារីក កាឡាខ្លួនជាប្រើសមាសទៅបញ្ឆោតព្រះរាម។ នាងសីតាឃើញប្រើសមាសក៏បង្ខំព្រះរាមបាញ់​ប្រើសមាសនោះ ដើម្បីយកស្បែកធ្វើជាកម្រាលនៅពេលវិលទៅសោយរាជ្យ។ ប្រើសមាសមុននឹង​ស្លាប់បានស្រែកជាសំឡេងព្រះរាមឲ្យព្រះលក្ស្មណ៍ទៅជួយ។ ព្រះលក្ស្មណ៍ដឹងថាជាល្បិចកល​យក្សដែរ ប៉ុន្តែដោយការបង្ខំរបស់នាងសីតា ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះក្រុង​រាពណ៍កាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសីតា។
         ពេលឃើញឥសីនាងសីតាក៏ចេញមកធ្វើនមស្ការ។​ ឥសីក៏ប្រើរូបជាក្រុងរាពណ៍ឆក់នាងសីតា។ នៅតាមផ្លូវ ក្រុងរាពណ៍បានជួបនឹងជតាយុ។ ការប្រយុទ្ធគ្នាកើតឡើង ប៉ុន្តែអ្នកទាំងពីរមានកម្លាំងស្មើគ្នា ក្រុងរាពណ៍បានលួចដោះយកព្រះ​ទម្រង់​នាងសីតាចោលត្រូវជតាយុបាក់ស្លាបធ្លាក់ដល់ដី។ បន្ទាប់មកនាងសីតាបានផ្តាំផ្ញើនឹងសត្វ​កុក ឲ្យយកដំណឹងនេះទៅទូលព្រះរាមផង។ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួន ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។
         នៅក្នុងព្រៃហេមពាន្តមានស្តេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់​ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួនដែលកើតមកឈ្មោលក៏វាសម្លាប់ចោលដែរ។ មានមេក្របីមួយឈ្មោះសុន្តគិរីបានកើតកូនឈ្មោលមួយឈ្មោះទូភី ហើយមានបំណងចង់រក្សាកូន​ក៏ភៀសខ្លួនទៅសម្ងំក្នុងព្រៃ។ នាងសុន្តគិរីបានទូន្មានកូនឲ្យខំហាត់រៀនឲ្យបានខ្លាំងក្លាមុនទៅជួប​ឪពុក។ ការប្រឹងប្រែងរបស់ទូភីបានសម្រេចដោយមានកម្លាំងរហូតដល់វ៍ធដើមឈើធំៗរលំខ្ទេច​ខ្ទីអស់
ហើយក៏ទៅអង្វរឪពុកឲ្យទទួលស្គាល់ខ្លួនជាកូន។ ប៉ុន្តែមហិង្សរាជមិនយល់ព្រម​ ហើយការប្រយុទ្ធ​រវាងឪពុកនឹងកូនក៏ចាប់ផ្តើម។ ទីបំផុតទូភីសម្លាប់ឪពុកខ្លួន ហើយបន្តសកម្មភាពរបស់ឪពុកតទៅ​ទៀត។
         តាំងពីពេលនោះមកទូភីតែងដើររករឿងគេឯងដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សា​ព្រៃហេមពាន្ត។ ទីបំផុតទៅរករឿងពាលី ជាស្តេចស្វាសោយរាជ្យនៅខាស់ខិនបុរី។ ការប្រយុទ្ធរវាង​ទូភី និងពាលីប្រព្រឹត្តទៅរយៈពេល៧យប់ ៧ថ្ងៃនៅកណ្តាលវាលមិនចាញ់មិនឈ្នះ។ ពាលីក៏នាំទូភី​ទៅប្រយុទ្ធក្នុងគុហាមួយហើយបញ្ជាឲ្យសុគ្រីព ជាប្អូនយកថ្មសន្ធប់មាត់រូងបើកាលណាឃើញ​ឈាមក្រហមដែលជាឈាមរបស់ខ្លួនហូរចេញមក។ ពាលីសម្លាប់ទូភីបាន តែទេវតាបានបាចផ្កា​អបអរច្រើនពេក ឈាមខ្មៅរបស់ទូភីប្រើជាក្រហមដូចឈាមពាលី។ សុគ្រីពឃើញឈាមក្រហម នឹកស្មានថាជាឈាមរបស់បងខ្លួន ក៏យកថ្មសន្ធប់មាត់រូងនោះទៅ។ ពាលីកាត់ក្បាលទូភីចោល​ទម្លាយថ្មសន្ធប់មាត់រូងនោះ ហើយធ្វើដំណើរមកកាន់នគរវិញទាំងកំហឹងឆាបឆេះ។ ទោះបីសុគ្រីព​ពន្យល់ការពិតយ៉ាងណា​​ ក៏ពាលីនៅតែមិនជឿដែរហើយបានទះក្បាលសុគ្រីពនៅមុខមន្ត្រីទាំង​ឡាយ។ សុគ្រីពឈឺចិត្តពេកក៏ហោះគេចខ្លួនចេញ ពាលីដេញតាមរហូតមកដល់ភ្នំមតង្គបពិត។ ពាលីមិនអាចចូលភ្នំនេះតាមសុគ្រីពបានឡើយ ព្រោះបានធ្វើឲ្យឈាមរបស់ទូភីហូរកាត់អាស្រម​ឥសីមតង្គ ជាហេតុនាំឲ្យឥសីខឹងដាក់បណ្តាសារឲ្យគេស្លាប់ បើសិនជាគេហ៊ានចូលភ្នំនេះ។ សុគ្រីព​ឈឺចិត្តគិតតែយំទាល់តែទឹកភ្នែកក្លាយជាជ្រោះ អាចម៍ភ្នែកគរជាភ្នំគ្របខ្លួនជិត។ ពេលនោះមានតែ​ក្មួយម្នាក់ឈ្មោះ ហនុមាន ទេដែលនៅជួយរក្សា។
         ពេលធ្វើដំណើររកនាងសីតា ព្រះរាម ព្រះលក្ស្មណ៍បានទៅសម្រាកនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំនៅក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទុំកើយភ្លៅព្រះលក្ស្មណ៍។ ពេលនោះព្រះអាទិត្យនៅហ្នឹងថ្កល់ដោយសារបារមីព្រះរាម។ សុគ្រីពឃើញហេតុចម្លែក ក៏ប្រើហនុមានឲ្យតាមរកអ្នកមានបុណ្យ។ ហនុមានឡើងលើដើមស្វាយ​ឃើញរូបកងចក្រនៅលើបាតដៃព្រះរាម ក៏សម្គាល់ថាជាអ្នកមានបុណ្យ។ ហនុមានបេះស្លឹកស្វាយ​ទម្លាក់ចុះមកស្លុតីព្រះរាម (សរសើរ ឬលើកទឹកចិត្ត)។ ព្រះលក្ស្មណ៍ខ្លាចភ្ញាក់ព្រះរាម ក៏ទាញធ្នូរបស់​ព្រះរាមបម្រុងបាញ់ នាំឲ្យព្រះរាមភ្ញាក់។ ហនុមានចុះមកថ្វាយបង្គំសុំធ្វើជាសេនា ព្រះរាមព្រោះព្រះ​រាមអាចមើលឃើញកុណ្ឌលខ្លួនឃើញ។ ហនុមានបានស្នើឲ្យព្រះរាមជួយដោះស្រាយរឿងពាលី និងសុគ្រីព។ ក្រោយមកព្រះរាម និងសុគ្រីពបានចងស្ពានមេត្រីនឹងគ្នាដោយសន្យាថានឹងជួយគ្នា​ទៅវិញទៅមក។ សុគ្រីពបានស្នើឲ្យព្រះរាមល្បងឫទ្ធានុភាពមើលមុននឹងចេញច្បាំងជាមួយពាលី។ព្រះរាមបានបាញ់សរអគ្គីវាសរំលាយសពទូភីជាផេះ រួចថ្លែងសរភិរុណវាសរំលត់ភ្លើងហើយថ្លែង​សរពាយុវាសប្រមូលធាតុសេសសល់ទៅចោលក្នុងមហាសាគរ។ បន្ទាប់មកទៀតព្រះរាមបានយក​សរព្រហ្មាសកំទេចដើមសត្តបាសដែលដុះនៅលើខ្នងនាគតាំងពីកំណើតផែនដី។ សុគ្រីពញាប់ញ័រ​ខ្លាចសុំព្រះរាមយាងទៅខាន់ខិនបុរីដើម្បីប្រហារពាលី។ ព្រះរាមបាញ់ពាលីលើកទី១មិនបាន​សម្រេចព្រោះច្រឡំគ្នា។ ព្រះរាមបញ្ជាឲ្យព្រះលក្ស្មណ៍យកកម្រងផ្កាឲ្យសុគ្រីពពាក់ ហើយព្រះរាម​បាញ់ពាលីបាន ប៉ុន្តែមុននឹងស្លាប់ ពាលីបានតិះដៀលព្រះរាមជាច្រើន។ ព្រះរាមឲ្យពាលីសុំជីវិត តែ​ពាលីក្លាហានពុំព្រមចុះញ៉ម ទើបសរនៅតែស្ទុះទម្លុះរាងកាយស្លាប់ទៅ។ នាងទេពីតារាជាមហេសី​ពាលី បានចេញមកយំសោកលើសពពាលីលុះត្រាតែក្តៅក្រហាយដល់ព្រះឥន្ទ្រៗក៏ឲ្យព្រលឹងរបស់​ពាលីមកចាប់កំណើតនៅស្ថានសួគ៌។
         លុះបានសម្រេចបំណងហើយ សុគ្រីពត្រូវព្រះរាមលើកឲ្យសោយរាជ្យនៅខាស់ខិនបុរី។ ដោយសុគ្រីពមិនបានកេណ្ឌទ័ពថ្វាយព្រះរាមទាន់ពេលវេលា ព្រះរាមគំរាមកំហែងរំលាយខាស់ខិន​បុរីចោល។ សុគ្រីពភ័យស្លុត ហើយកេណ្ឌទ័ពស្វាថ្វាយព្រះរាម។
        ព្រះរាមបញ្ជាឲ្យហនុមានទៅស៊ើបការណ៍នៅក្រុងលង្កា។ ក្រោយពីពេលលានាងសីតាមក ហនុមានបានដើរបំផ្លាញក្រុងលង្កាដោយបានសម្លាប់យក្សជាច្រើននាក់ដូចជា សហស្សកុមារ និង​អតិកាយ មេទ័ពយក្ស រួចនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ ព្រះរាមត្រេកអរយ៉ាងខ្លាំង ហើយឲ្យ​រង្វាន់ហនុមាន។ ពេលដែលបានដំណឹងពីហនុមានហើយ ព្រះរាមក៏បានចងសម្ព័ន្ធមិត្តជាមួយនឹង​មហាជម្ពូដើម្បីសុំទ័ពជំនួយ។ មហាជម្ពូបានឲ្យខុននិល និងខុននលចូលរួមជាមួយ។ បានទ័ពច្រើន​ហើយព្រះរាមក៏ឲ្យទ័ពស្វាសាងសង់ស្ពានកាត់សមុទ្រទៅកោះលង្កា។
         ព្រះរាមបានលើកទ័ពទៅដល់ក្រុងលង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិ​ភេកទាយពីវាសនានគរលង្កា។ ពិភេកបានគន់គូរហើយក៏ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅឲ្យ ព្រះរាមវិញ។ ពិភេកបានប្រដូចរាពណ៍ទៅនឹងកែវភ្នែកដែលពាំកែវពិទូរសូរ្យកាន្តយកមកទុកឲ្យឆេះ​សំបុក រួចប្រៀបធៀបនឹងត្រីដែលស៊ីនុយ។ រាពណ៍ខឹងណាស់ក៏ដោះស្បែកជើងវាយក្បាលពិភេក​ជាប្អូន។ ពិភេកក៏រត់ទៅសុំចុះចូលជាមួយព្រះរាម។ មុនដំបូងព្រះរាមមិនទុកចិត្ត តែជម្ពូពានហោរា​បានទាយថាល្អព្រះរាមក៏យល់ព្រមទទួល។ រាពណ៍ខឹងនឹងពិភេកក៏មកគិតគូរជាមួយនាងមណ្ឌោ​គិរី នាងមានយោបល់ដូចពិភេកដែរ តែរាពណ៍មិនស្តាប់ក៏ធ្វើសង្គ្រាមតាមល្បិចដោយឲ្យរុក្ខសេន​ទៅយាមព្រៃដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើបាន។ ចំបាំងកើតមានឡើងរវាងទ័ពស្វាដែលមានមេទ័ព​ឈ្មោះរុក្ខរក្ស និងទ័ពយក្សដែលមានមេទ័ពឈ្មោះរុក្ខសេន។ ទ័ពយក្សទ័ពស្វាស្លាប់ទាំងអស់ ប៉ុន្តែ​មានមេទ័ពយក្សមួយរត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថាហនុមានស្លាប់ហើយ។ ក្រុងរាពណ៍​ត្រេកអរយ៉ាងខ្លាំងក៏ឲ្យគេលើកឆ័ត្រជ័យពាសពេញអាកាសដើម្បីឲ្យព្រះរាមដកទ័ពតែព្រះរាមបាន​ថ្លែងសរកំទេចឆ័ត្រទាំងនោះខ្ទេចខ្ទីចោលអស់។ រាពណ៍ភ័យបានប្រើល្បិចកលមួយទៀត ដោយ​យកនាងសីតាហោះឡើងអាកាសបញ្ឈឺចិត្តព្រះរាម។ ដោយមានពិភេកប្រាប់ពីការពិត ព្រះរាមក៏​សូត្រមន្តឲ្យរាពណ៍ចុកពោះសន្លប់លើរាជរថ។ ព្រះរាមចាត់ឲ្យអង្គទយកសារថ្វាយក្រុងរាពណ៍​ដើម្បីធ្វើសង្គ្រាមប៉ុន្តែទំនាស់កើតឡើងរវាងអង្គទ និងយក្ស។ នៅទីបំផុតអង្គទទះរាពណ៍ត្រូវមួយ​ដៃ​សន្លប់ ហើយយកពេជ្រនៅលើក្បាលរាពណ៍រត់។ យក្ស៤នាក់ទៅតាមតែត្រូវអង្គទវាយដាច់ក្បាល​ ហើយនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ រាពណ៍ចាត់ឲ្យកុម្ភការណ៍ចេញច្បាំងនឹងព្រះរាម។ កុម្ភ​ការណ៍ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាមវិញដើម្បីកុំឲ្យមានសង្រ្គាមពិបាកដល់​រាស្ត្រពីព្រោះរឿងរ៉ាវទាំងអស់នេះកើតមកពីនាងសូបនខាចង់ប្រុសខុសទំនងប៉ុណ្ណោះ។ រាពណ៍​ចោទថាកុម្ភការណ៍ខ្លាចស្លាប់ កុម្ភការណ៍ក៏ដាច់ចិត្តចេញច្បាំង។
         កុម្ភការណ៍បានលើកទ័ពជាច្រើនទៅទល់នឹងព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមទតឃើញផ្កាយ​ព្រះសុក្រពីររះទន្ទឹមគ្នា ទើបទ្រង់ត្រាស់ឲ្យពិភេកគន់គូរមើល។ ពិភេកទូលថាកុម្ភការណ៍មកឈ្លប​ការណ៍។ ព្រះរាមបានប្រើឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការណ៍ថាបើមកចុះចូលនឹងព្រះអង្គទ្រង់​នឹងឲ្យរង្វាន់ព្រមទាំងបុណ្យសក្តិយ៉ាងធំ។ កុម្ភការណ៍បានអះអាងថាទោះបីព្រះរាមមានឫទ្ធានុភាព​យ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមរស់នៅក្រោមការត្រួតត្រា​របស់ព្រះរាមដាច់ខាត ក្រោយមកសង្គ្រាមក៏កើតឡើងរវាងព្រះលក្ស្មណ៍ និងកុម្ភការណ៍។ កុម្ភការណ៍បានយកមោងសក្តិចោលព្រះលក្ស្មណ៍ត្រូវជើងយ៉ាងធ្ងន់រហូតដល់សន្លប់បាតស្មារតី ដំបៅក៏ដុះរីករហូតដល់ឋានបាតាល។ ព្រះរាមយំសោកបោកខ្លួនមិនអាចជួយបាន។ ពេលនោះពិ​ភេកទទួលខ្លួនផ្សំថ្នាំដោយបញ្ជូនឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពាន្ត និងរកទឹកមូត្រគោឧបា​សករាជ។ ហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេក ក៏ប៉ុន្តែនៅខ្វះថ្មមួយដុំដែល​ស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍។ ហនុមានបានទៅសណ្តំក្រុងរាពណ៍យកថ្មនោះមក​បាន។ ប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះ ហនុមានមកមិនទាន់ ព្រះលក្ស្មណ៍នៅតែក្ស័យ​ដដែលព្រោះថ្នាំផ្សំពុំទាន់។ ហនុមានបានទៅឃាត់ដំណើរព្រះអាទិត្យៗមិនព្រមព្រោះខ្លាចខុស​ពេលវេលាមនុស្សលោក ហនុមានបានវាយសេះព្រះអាទិត្យរត់បាត់អស់។ ជម្ងឺព្រះលក្ស្មណ៍ក៏ជា​សះស្បើយ ហើយព្រះលក្ស្មណ៍ក៏ចេញច្បាំងម្តងទៀត។ ម្តងនេះព្រះលក្ស្មណ៍ក៏សម្លាប់កុម្ភការណ៍​បាន​ ក្រុងរាពណ៍ឲ្យឥន្ទ្រជិតចូលច្បាំងបន្ត។ សង្រ្គាមបានកើតឡើងយ៉ាងយូរបំផុត ឥន្ទ្រជិតថ្លែង​សរនាគចាប់ទ័ពស្វា និងព្រះលក្ស្មណ៍ជាប់។ ព្រះរាមយំសោកបោកខ្លួនម្តងទៀត ព្រោះមិនអាច ជួយព្រះលក្ស្មណ៍បាន ហើយក៏កំហែងទេវតាឋានលើឲ្យជួយ ដោយប្រកាសថាព្រះអង្គនឹងគ្រវែង​ធ្នូសរទៅឋានលើឲ្យឆេះខ្ទេចខ្ទីអស់ប្រសិនបើព្រះលក្ស្មណ៍ស្លាប់។ ទេវតាភ័យតក់ស្លុតក៏អង្វរឲ្យ​ព្រះព្រហ្មលែងគ្រុឌពីទ្រុងដើម្បីដេញនាគឥន្ទ្រជិត។ ព្រះលក្ស្មណ៍ និងទ័ពស្វាក៏រួចជីវិត។   ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិស​នាគសម្រាប់សម្លាប់ទ័ពព្រះរាម។ ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើ​ហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។ ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏​ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។ ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជា​ច្រើន។ ព្រះរាម ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតា​សូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ ព្រះលក្ស្មណ៍ក៏បានថ្លែងសរ​សម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។ រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារ​ជីវិត។ ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់ ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យ​សម្លាប់មនុស្សឥតទោសទេ។ ក្រុងរាពណ៍យល់ព្រម ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញ​ច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។ អស់សង្ឃឹម រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់​ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។ សង្រ្គាមក៏បានបញ្ចប់ ហើយនាង​សីតាក៏ត្រូវបានរំដោះបាន។
         ថ្ងៃមួយពេលដែលព្រះរាម ព្រះលក្ស្មណ៍ទៅក្រសាលព្រៃ នាងសីតានៅក្នុងវាំងអផ្សុកពេកក៏​នាំភិលៀងទៅស្រង់ទឹក។ ក្រោយមកព្រះនាងបានគូររូបក្រុងរាពណ៍ ហើយលុបវិញមិនជ្រះដោយ​សារចាញ់បោកយក្ខិណីម្នាក់ឈ្មោះអាតុល័យ ដែលត្រូវជាប្អូនរបស់រាពណ៍មកសងសឹក។ នៅពេល​ព្រះរាមយាងមកវិញ នាងសីតាភ័យស្លន់ស្លោក៏យកក្តារគំនូរទៅលាក់ក្រោមក្រឡាបន្ទំរបស់ស្វាមី។ ព្រះរាមក្តៅក្រហាយ ផ្ទុំមិនលក់ដេញកាប់គេឯងពេញក្នុងវាំង។ លុះព្រះលក្ស្មណ៍រកក្តារគំនូរឃើញ​ហើយនាងសីតាសារភាពការពិតនោះ ព្រះរាមបន្ទោសនាងយ៉ាងខ្លាំង ហើយបញ្ជាឲ្យព្រះលក្ស្មណ៍​យកនាងសីតាទៅប្រហារជីវិតទាំងរាត្រី។
         ព្រះលក្ស្មណ៍យល់ថានាងសីតាល្អបរិសុទ្ធពុំហ៊ានសម្លាប់ព្រះនាងឡើយ​ ហើយសូមឲ្យព្រះ​នាងចេញឲ្យផុតទៅ។ ប៉ុន្តែនាងសីតាពោលពាក្យគំរោះគំរើយដើម្បីឲ្យព្រះលក្ស្មណ៍ខឹងឆាប់សម្លាប់​នាង។ ព្រះលក្ស្មណ៍លើកដាវប្រុងសម្លាប់នាងពីរដងតែដាក់ចុះវិញ។ នៅលើកទី៣ ព្រះលក្ស្មណ៍​ធ្មេចភ្នែក ហើយលើកព្រះខ័នកាប់នាងសីតាទាល់តែសន្លប់ខ្លួនឯង។ ប៉ុន្តែព្រះនាងសីតាពុំស្លាប់ ព្រោះព្រះខ័នរបស់ព្រះលក្ស្មណ៍ក្លាយទៅជាកម្រងផ្កា ដោយសច្ចធម៌របស់នាងជួយ។ ពេលដែល​ព្រះលក្ស្មណ៍លានាងសីតាត្រឡប់មកវិញ ព្រះឥន្ទ្របាននិមិ្មតជាសត្វទ្រាលមកដេកស្លាប់ក្បែរផ្លូវ​ដើម្បីឲ្យព្រះលក្ស្មណ៍វះយកថ្លើមមកថ្វាយព្រះរាមឲ្យបានមុនថ្ងៃរះ។ ព្រះរាមបានត្មះតិះដៀលនាង​សីតាម្តងហើយ ម្តងទៀតថាចិត្តអាក្រក់ពន់ពេកណាស់ នៅពេលឃើញថ្លើមសត្វទ្រាល។
         នាងសីតាបានដើរកាត់ព្រៃដោយភិតភ័យ។ ពេលនោះព្រះឥន្ទ្របានកាឡាខ្លួនជាមហិង្សាមក​នាំនាងទៅកាន់អាស្រមឥសីវេជ្ជប្រិតដោយសុវត្ថិភាព។ លុះគម្រប់ទសមាសនាងបានប្រសូតបុត្រ​ក្រោមការឧបត្ថម្ភរបស់ឥសីវេជ្ជប្រិត។ ថ្ងៃមួយនាងសីតាទៅកំពង់ដងទឹក ឃើញស្វាញីបីកូនពីមុខ​ក្រោយជាប់នឹងខ្លួនយល់ថាជាការប្រសើរ ក៏វិលមកយកបុត្រទៅជាមួយដោយមិនឲ្យឥសីដឹង។ ឥសីបើកភ្នែកមកមិនឃើញចៅភិតភ័យណាស់ ក៏ជបក្មេងមួយទៀតឲ្យដូចកុមារមុន។ លុះឃើញ​នាងសីតាបីកូនមកវិញ ឥសីអរផងភ័យផង ក៏តាំងស្តីបន្ទោសនាងយ៉ាងខ្លាំង។
         ឥសីប្រុងនឹងរំលាយកុមារនោះចោល ប៉ុន្តែនាងសីតាបានអង្វរសុំឲ្យព្រះអង្គទុកជីវិតដើម្បីឲ្យ​បានជាគ្នានឹងកូននាង។ ឥសីដាក់នាមបុត្រនាងសីតាថារាមលក្ស្មណ៍ ហើយបុត្រដែលជបឈ្មោះថា​ជប្បលក្ស្មណ៍។ អាយុ១០ឆ្នាំ ឥសីបានបង្រៀននូវសិល្ប៍សាស្រ្តគម្ពីរវេទ និងវិជ្ជាបាញ់ធ្នូសរយ៉ាង​ស្ទាត់ជំនាញ។ ថ្ងៃមួយកុមារទាំងពីរលាមាតាទៅលេងព្រៃ រាមលក្ស្មណ៍បានថ្លែងសរកម្ទេចដើមរាំង​មួយដ៏ធំមានស្លឹកបាំងព្រះអាទិត្យជិតឲ្យរលំបាក់បែកខ្ចាត់ខ្ចាយរហូតធ្វើឲ្យពួកទេវៈរំជើបរំជួលគ្រប់​ទិសទី ហើយនាងសីតាក៏សរសើរបុត្រថាខ្លាំងពូកែដូចព្រះរាមបិតាដែរ។ កាលនោះនាងសីតាក៏​ប្រារព្ធនិទានរឿងរបស់ខ្លួន និងព្រះរាមឲ្យព្រះរាជបុត្រស្តាប់តាមសំណូមពរ។ សព្ទសររបស់ព្រះ​រាជ​កុមារបានធ្វើឲ្យអ្នកស្រុកព្ធយុធ្យា និងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះរាមឲ្យហោរាទស្សន៍ទាយ។ ហោរាពុំគ្រាន់តែទូលថាមានអ្នកមានឫទ្ធិមកល្បងឫទ្ធិប៉ុណ្ណោះទេ ប៉ុន្តែសុំឲ្យព្រះរាមលែងសេះអស្សតរ ឲ្យដើរចេញដោយមានរាជសារភ្ជាប់នឹងក ហើយឲ្យហនុមាន​ដើរចាំឃ្លាំមើលពីក្រោយផង។ ឯសេចក្តីក្នុងសារនោះមានជាអាទិ៍ថា "បើនរណាពុំថ្វាយបង្គំសេះព្រះរាម​ទេនោះ នឹងត្រូវចាប់យកទៅធ្វើទោស" ព្រះរាមធ្វើតាមហោរា ដោយឲ្យហនុមានតាមឃ្លាំមើលពីក្រោយ​សេះ ហើយឲ្យព្រះភិរុត និងព្រះសុត្រុតលើកទ័ពពីក្រោយហនុមានថែមទៀត។ ប៉ុន្តែមុននឹងចេញ​ដំណើរទៅព្រះរាមបានប្រទានអាវក្រោះទៅឲ្យព្រះអនុជម្នាក់មួយៗទុកការពារខ្លួន។
         មុននឹងធ្វើដំណើរទៅព្រៃម្តងទៀត រាជកុមារត្រូវម្តាយហាមឃាត់យ៉ាងខ្លាំងដោយនាងភ័យ​ខ្លាចពីផលវិបាកនៃការថ្លែងសរពីថ្ងៃមុនផង ហើយនិងអំពីការពុំទាន់ចេះធ្វើសង្គ្រាមនៃក្មេងទាំងពីរ​ផង។ រាជកុមារឃើញសាររបស់ព្រះរាមក៏ចាប់សេះជិះលេង ដោយយល់ថាបើម្ចាស់គេមកសុំនឹងឲ្យ​គេវិញ។ ពេលនោះហនុមានបានស្ទុះមកចាប់កុមារទាំងពីរ ប៉ុន្តែត្រូវរាជកុមារវាយនឹងធ្នូសរដួល​សន្លប់នៅលើព្រះធរណី។ លុះត្រូវព្រះពាយ ហនុមានដឹងខ្លួនឡើងវិញ ហើយកាឡាខ្លួនជាស្វាព្រៃ​តួចមួយចូលទៅល្បងលួងលោមបញ្ឆោតក្មេងទាំងពីរតែម្តង។
         រាជកុមារបានវាយវ័ធហនុមាននឹងធ្នូសរសន្លប់ម្តងទៀត និងបោចវល្លិដ៏តូចមួយចងស្លាបសេក​ហើយយកឈើមកសាក់មុខបញ្ជូនទៅឲ្យព្រះរាមជួយស្រាយចំណងចេញ។ ហនុមានខំរើបម្រះ​យ៉ាងណាក៏មិនរួច ហើយព្រះភិរុតជួយស្រាយចំណងចំពោះមុខមហាមន្ត្រីធំៗនៅតែស្រាយមិនរួច។ ព្រះរាមស្រាយចំណងរួច ហើយក៏ប្រើហនុមាននាំព្រះភិរុតចូលច្បាំងចាប់កុមារ។ ដំបូងឡើយរាជ​កុមារមានជ័យជំនះទាំងខាងវាចា ទាំងខាងឫទ្ធានុភាព។ ពលស្វាត្រូវជាប់ចំណង ហើយហនុមាន​ត្រូវរាជកុមារវាយសន្លប់ជាលើកទី៣។ ទីបំផុតព្រះភិរុត និងព្រះសុត្រុតដឹងខ្លួនឡើងវិញដោយអំ​ណាចអាវក្រោះរបស់ព្រះរាម ហើយបានថ្លែងសរត្រូវរាមលក្ស្មណ៍ដួលសន្លប់។ ហនុមានស្ទុះទៅ​អូសក្មេងនេះទៅថ្វាយព្រះរាម។ ចំនែកជប្បលក្ស្មណ៍រត់រួចខ្លួន។
         ព្រះរាមចាត់ឲ្យសេនាចាប់រាជកុមារបណ្តើរអាក្រោសនៅជុំវិញព្រះរាជធានី ហើយឲ្យយកទៅ​ឃុំឃាំងទុកសម្លាប់ក្នុងរវាងបីថ្ងៃទៀត។ ពេលនោះមិនត្រឹមតែប្រជាពលករក្នុងព្ធយុធ្យាប៉ុណ្ណោះទេ​ដែលយំអាណិតកុមារ សូម្បីតែទេវៈរក្សាព្រះរាជធានីក៏ជួយអាណិត ហើយចុះមកជួយឧបត្ថម្ភកុមារ​ឲ្យបានធូរស្រាលអំពីទុក្ខដែរ។ ជប្បលក្ស្មណ៍បានយកដំណឹងដ៏ក្រៀមក្រំនេះទៅថ្វាយព្រះមាតា ដោយធ្វើឲ្យព្រះនាងសោយសោកទាល់តែសន្លប់។ ប៉ុន្តែឥសីធ្វើឲ្យព្រះនាងដឹងខ្លួន និងជួយទស្សន៍​ទាយឲ្យនាងមានសង្ឃឹមឡើងវិញ។ ជប្បលក្ស្មណ៍បានយកចិញ្ចៀនមាតាមួយវង់ដើម្បីទៅតាមរក​ព្រះជេដ្ឋា។ លុះទៅដល់ជិតក្រុងព្ធយុធ្យា ជប្បលក្ស្មណ៍លឺអ្នកស្រុកជំនុំគ្នាថាបងត្រូវស្លាប់នៅថ្ងៃ​ស្អែក ក៏តាំងពួនយំនៅក្នុងព្រៃ ហើយអធិដ្ឋានឲ្យទេវៈជួយ។ ព្រះឥន្ទ្របានចាត់ឲ្យនាងទេពរម្ភាមក​ជួយរាជកុមារ។ ជប្បលក្ស្មណ៍បានលួចផ្ញើចិញ្ចៀនទៅព្រះជេដ្ឋានៅក្នុងក្អមទឹកដែលនាងធ្វើជាទូល​ទៅឲ្យអ្នកទោស។ ដោយពិធីដង់ទឹកនោះហើយនិងមាយាស្ត្រីច្រើនផង នាងទេពរម្ភាអាចចូលទៅ​រំដោះរាមលក្ស្មណ៍ជួបជុំបងប្អូនដោយសុវត្ថិភាព។  ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយ បានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់​របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់អ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមក៏ចាត់ពល​មួយចំនួនឲ្យតាមចាប់ព្រះរាជកុមារមកវិញ។ ព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណង ហើយ​បានសរសើរអំពីលម្អ និងឫទ្ធានុភាពកុមារ ហើយក៏ថ្លែងសរបង្កសង្រ្គាមមួយរំពេច។ ប៉ុន្តែសង្រ្គាម​មិនឈ្នះមិនចាញ់ឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងសម្លាប់ក្សត្រទាំងបួនអង្គ​ចោល ប៉ុន្តែសររបស់គេក្លាយជាកម្រងផ្កា។ ឃើញហេតុការណ៍នេះព្រះរាមក៏អធិដ្ឋានស្រួលបួល​ហើយថ្លែងសរទៀត ប៉ុន្តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាម​​សាកសួរព្រះរាជកុមារទើបដឹងថាជាបុត្រនាងសីតា ហើយព្រះរាមសួរទៅព្រះលក្ស្មណ៍ទើបដឹងថា​នាងសីតាពុំទាន់ស្លាប់ ព្រះរាមក៏ចុះពីលើរាជរថ ទៅសុំឲ្យបុត្រទទួលស្គាល់ជាបិតា និងនាំព្រះអង្គ​ទៅជួបនាងសីតា។ 
ប៉ុន្តែរាជកុមារបែរជានិយាយបញ្ឈឺចិត្តដោយបដិសេធពុំព្រមទទួលស្គាល់ជាឪ​ពុក ហើយក៏ដឹកដៃគ្នាទៅរកមាតា។ ព្រះរាមនាំទ័ពរត់តាមក្រោយទាំងសោកសៅ។
        
កុមារទាំងពីរបានយកដំណឹងនេះទៅថ្វាយព្រះមាតា ជាហេតុនាំឲ្យនាងយំខ្សឹកខ្សួលយ៉ាង​ខ្លាំងដោយអាណិតបុត្រផង និងខឹងចំពោះព្រះរាមផង។ ព្រះរាមនៅក្រៅអាស្រមលឺមហេសីសោយ​សោកកើតទុក្ខក៏ស្រែកសុំឲ្យនាងបើកទ្វារឲ្យព្រះអង្គចូលទៅសុំទោសផ្ទាល់។ ពេលនោះនាងសីតា​ពឹងឲ្យឥសីចេញមកទទួលជំនួស។ ព្រះរាមបានបញ្ជាក់ពីបំណងល្អរបស់ព្រះអង្គប្រាប់ឥសី ហើយ​សួរឥសីពីរឿងបុត្រទាំងពីររបស់នាងសីតា។ លុះដឹងការពិតហើយ ព្រះរាមបានពឹងឲ្យឥសីជួយធ្វើ​អាជ្ញាកណ្តាល។ ទោះបីឥសីអង្វរករនាង ហើយព្រះរាមប្រកាសប្រាប់ថា ព្រះអង្គខុសហើយក៏​ដោយនាងសីតាមិនអាចភ្លេចរឿងចាស់បានឡើយ។​ទីបំផុតនាងសីតាបានអនុញ្ញាតឲ្យព្រះរាមជួប​ត្រឹមភ័ក្រ្ត និងពាក្យសម្តីខ្លះៗប៉ុណ្ណោះ។
        
នាងសីតាបញ្ឈឺចិត្តព្រះរាមដោយបញ្ជាក់ថា កាលពីមុនព្រះរាមដឹងថានាងស្មោះត្រង់តាមហនុ​មានទៅសើុបការណ៍ និងតាមវិធីឲ្យនាងលុយភ្លើងម្តេចក៏ព្រះរាមសម្រេចចិត្តសម្លាប់នាងទៀត។ ចុះឥឡូវនេះនាងមកនៅក្នុងព្រៃតែងជួបយក្សា ជួបព្រានព្រៃផងនោះ ព្រះអង្គរឹតតែប្រច័ណ្ឌ និង​យកទោសនាងលើសមុនទៀត។ ព្រះរាមសូមឲ្យនាងសីតាយកព្រះខ័នមកកាត់កព្រះអង្គចោល​ បើ​ពុំអាណិតទេ ប៉ុន្តែនាងសីតាយល់ថា "បពិត្រពាក្យនេះពិរោះ មធូរស្មានស្មោះមេត្រីផ្អែមលើសក្រៃ​លែងចំណី ឆីហើយឈឺពោះមិនខាន"។ ព្រះរាមដឹងថាមិនអាចឈ្នះពាក្យសត្យរបស់នាងបាន ក៏រក​មធ្យោបាយសុំបុត្រដើម្បីឲ្យនាងសីតាទៅតាម។ ប៉ុន្តែនាងសីតាបញ្ឈឺចិត្តព្រះរាមទៀត។ ព្រះរាម​យំ​សោកចង់សម្លាប់ខ្លួនពេលនោះ។ នាងសីតាខ្លាចប្តីស្លាប់ ក៏ហៅបុត្រមកប្រគល់ឲ្យនាពេលនោះទៅ។
        
ព្រះរាមនាំបុត្រទៅជួបអនុជទាំងបីអង្គព្រមទាំងហនុមាន និងសេនាទាំងអស់ក្រៅអាស្រម។ អ្នកទាំងនោះបានសុំទោសគ្នាទៅវិញទៅមក។
        
ព្រះរាមបានយាងចូលនគរវិញ ហើយបាននាំបុត្រទាំងពីរទៅថ្វាយបង្គំមាទាំងបីអង្គ។ ពេល​នោះជីដូន និងចៅបានស្គាល់គ្នាហើយបានសំណេះសំណាលគ្នាពីរឿងអតីតកាល។ ព្រះរាមបាន​ចាត់សុម័ន្តមន្ត្រីឲ្យជ្រើសរើសរកកុមារីមានអាយុ១០ឆ្នាំមានរូបរាងស្អាតត្រកូលខ្ពស់មកធ្វើជាភិ​លៀងក្មេងទាំងពីរ។ ព្រះរាមបានចាត់ពិធីជប់លៀងបុត្រយ៉ាងមហោឡារិក។
        
យប់មួយកុមារទាំងពីរយំរលឹកមាតា ព្រះរាមក៏រលឹកដែរ ហើយក៏ចូលទៅលួងលោមបុត្រទាំង​ពីរ។ លុះព្រឹកឡើងព្រះរាមឲ្យសេនា និងភិលៀងដង្ហែកុមារទៅជួបមាតា។ ប៉ុន្តែមុនចេញដំណើរ​ទៅ ព្រះអង្គបានប្រាប់បុត្រឲ្យជួយអង្វរនាងសីតាឲ្យព្រមចូលវាំងវិញ។ បើព្រះនាងមិនព្រមព្រះអង្គនឹង​សុគតនៅថ្ងៃណាមួយមិនខាន។ បើនិយាយបែបនេះនាងនៅតែមិនព្រម ទើបឲ្យភិលៀងទៅបម្រើ​នាងនៅទីនោះ។ រាជកុមារបាននាំភិលៀងទៅជួបមាតាដូចបំណង។ ពេលនោះម្តាយ និងកូនយំ​រលឹកគ្នាយ៉ាងខ្លាំង។ ចំណែកភិលៀងដែលធ្លាប់ដង្ហែនាងទៅក្រសាលទឹកពីមុននោះក៏យំរៀបរាប់​ដែរ។ នាងសីតាថានេះជាកំហុសរបស់នាងទេ។
        
រាជកុមារសុំឲ្យមាតាយាងចូលនគរវិញតាមការបញ្ចេះរបស់បិតា។ ប៉ុន្តែនាងសីតាបដិសេធ​ថា​ទាល់តែព្រះរាមសុគតសិន ទើបនាងចូលទៅថ្វាយបង្គំសពតែម្តង។ ព្រះរាជកុមារសូមថ្វាយភិ​លៀងទុកឲ្យនៅបម្រើមាតាតាមបណ្តាំបិតា។ ប៉ុន្តែនាងសីតាបដិសេធទៀត នាងថែមទាំងបញ្ជាក់​ថាព្រះនាងរស់នៅក្នុងព្រៃអស់រយៈពេល១០ឆ្នាំហើយគ្មានភិលៀងទេ។ ក្មេងទាំងពីរនាក់អស់​សង្ឃឹមនឹងអាណិតមាតាផង បិតាផងក៏សោយសោកទាល់តែសន្លប់។ ព្រះរាមនឹងថានាងសីតាព្រម​ចូលនគរវិញលុះត្រាតែព្រះអង្គសុគត ព្រះរាមហៅអនុជនិងសេនាជំនិតៗមកជំនុំការ។ ហនុមាន​បាននិមិ្មតកោដ្ឋមាស​ ពួកស្នំជំនិតៗបានរៀបចំខ្លួនបម្រុងនឹងធ្វើជាយំយែក ហើយរាជកុមារទាំងពីរ​ត្រូវគេនាំទៅឆ្ងាយ។ កិច្ចការក្នុងនគរមានដំណើរការធម្មតា ព្រះរាមដើរលបៗទៅពួននៅក្បែរកោដ្ឋ​មាស។ ហនុមានទៅទូលនាងសីតាដោយកុហកថាតាំងពីជួបព្រះនាងមកព្រះរាមកើតទុក្ខអត់បាយ​រហូតដល់ស្គមខ្លួន។ លុះដឹងថានាងអស់អាល័យហើយទើបព្រះអង្គសោយសោកលុះត្រាសុគត។ នាងសីតាលឺដូច្នោះក៏សោយសោកអាណិតប្តីស្ទើរតែសន្លប់បាត់ស្មារតី។ ឥសីបន្ទោសហើយបង្ខំឲ្យ​នាងចូលនគរវិញ។ ពួកស្នំទាំងឡាយឃើញនាងសិតាស្គមក៏នាំគ្នាយំអាណិតនាង។ នាងសីតា​ស្មានថាស្នំយំសោកស្តាយព្រះរាម នាងក៏ក្តុកក្តួលអួលចិត្ត ហើយគក់ទ្រូងននៀលដីទាល់តែសន្លប់​បាត់ស្មារតី។ ជាឱកាសល្អព្រះរាមចេញពីទីកំបាំងមកចាប់ត្រកងបី។ នាងសីតាដឹងខ្លួនវិញតិះ​ដៀលព្រះរាមថាជាក្សត្រឥតខ្មាស់ ហើយស្ទុះរត់ចេញទៅ។ ព្រះរាមក៏រត់ដេញចាប់នាងក្នុងបរិវេណ ព្រះមេរុពុំបាន ក៏ស្រែកហៅព្រះអនុជ និងហនុមានមកជួយស្ទាក់ចាប់។ នាងសីតាបានបួងសួងសូម​ឲ្យតេជះពាក្យសច្ចៈរបស់នាងជួយ។ ពេលនោះព្រះធរណីបើកផ្លូវបញ្ជូននាងដល់ឋានភុជង្គនាគ។ ស្តេចនាគឈ្មោះភរុណនាគា និងមហេសីរតនាទេវីបានយកនាងសីតាទៅតម្កល់ទុកដូចព្រះមាតា។

·             ប្រធានរឿង៖ តាមរយៈដំណើររឿងអ្នកនិពន្ធបង្ហាញពីសកម្មភាពរបស់ព្រះរាម ដូចនេះប្រ​ធានរឿង គឺស្ថិតនៅលើដំណើរជីវិតរបស់ព្រះរាមដែលជាអវតារទី៧នៃព្រះវិស្ណុ។ តាមដំណើរ​រឿងអ្នកនិពន្ធបានបង្ហាញឲ្យឃើញដំណាក់កាលនៃជីវិតព្រះរាមដែលមានដូចតទៅ៖ ដំណាក់កាលទី១ គឺនិយាយពីយុវភាព ការសិក្សា ការរៀបចំគូស្រករ និងការនិទេសខ្លួនរបស់​ព្រះរាមដើម្បីដោះស្រាយវិបត្តិក្នុងរាជវង្ស។ ដំណាក់កាលទី២ គឺជាដំណាក់កាលដែលព្រះរាម​ប្រឈមមុខនឹងសត្រូវក្នុងជីវិតរហូតបានជ័យជំនះ។ ដំណាក់កាលទី៣បង្ហាញពីការបរាជ័យក្នុង​ការកសាងគ្រួសារថ្មីរបស់ព្រះរាម គឺជាឆាកជីវិតព្រាត់ប្រាស់លុះថ្ងៃអវសាន។
·                មូលបញ្ហារឿង៖ ដោយផ្អែកលើប្រធានបទយើងឃើញថា ដំណើរជីវិតព្រះរាមមានភាព​អស្ចារ្យ ជាអទិទេពផង សាមញ្ញផង និងថោកទាបអន់ថយផង។ តាមការអះអាងរបស់អ្នក​និពន្ធព្រះរាមជាអវតារទី៧នៃព្រះវិស្ណុ ប៉ុន្តែតាមដំណើររឿងយើងឃើញថា ពេលខ្លះព្រះរាម​មិនខុសអ្វីពីមនុស្សសាមញ្ញឡើយ។ ដូចនេះបញ្ហាសំខាន់ដែលអាចចោទឡើងក្នុងរឿងរាម​កេរ្តិ៍ខ្មែរគឺស្ថិតនៅត្រង់កត្តាកំណត់ដំណើរជីវិត និងតម្លៃរបស់ព្រះរាម។



Comments

Popular posts from this blog

​រឿង​រាមកេរ្តិ៍​ខ្មែរ

ពិភេកឡើងសោយរាជ្យ (១៣០-១៣១)